Sunday, July 27, 2014

លោកស្រី ពុង ឈី​វ​ហ្កេ​ក ជា​បេក្ខភាព​ទី​៩ សម្រាប់​សមាជិក​គ.ជ.ប.


ភ្នំពេញ: រក​ឃើញ​ហើយ បេក្ខភាព​ទី​៩ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(​គ.ជ.ប.) ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា ដើម្បី​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​គ.ជ.ប.​។ នោះ​គឺ​គ្មាន​នរណា ក្រៅ​ពី​លោកស្រី ពុង ឈី​វ​ហ្កេ​ក ប្រធាន​អង្គការ​សិទ្ធិមនុស្ស លីកាដូ នោះ​ឡើយ​។ ប៉ុន្តែ​ដំណឹង​ផ្លូវការ នឹង​ត្រូវ​លោកស្រី ពុង ឈី​វ​ហ្កេ​ក ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​កក្កដា​។​

​បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​វិសាមញ្ញ រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៨​កក្កដា​នេះ នៅ​វិមាន​រដ្ឋ​សភា សម្តេច​ហ៊ុន​សែន និង​លោក​សម​រង្ស៊ី បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា បេក្ខភាព​គ.ជ.ប. ទី​៩ គឺ​គណបក្ស​ទាំងពីរ បាន​ព្រមព្រៀង​ហើយ តែ​មិន​ទាន់​ប្រកាស​ជា​សាធារណៈ​នៅឡើយ​ទេ ដោយ​រង់ចាំ​សា​ម៉ី​ខ្លួន ឆ្លើយតប​ជា​ផ្លូវការ​សិន​។​

​ប៉ុន្មាន​នាទី​ក្រោយមក លោកស្រី ពុង ឈី​វ​ហ្កេ​ក បានឲ្យដឹងថា លោកស្រី កំពុង​តែ​រៀបចំ​លិខិត​ឆ្លើយតប​ទៅកាន់​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៨​កក្កដា​នេះ​។ នៅ​ម៉ោង ១១ ព្រឹក ថ្ងៃទី​២៨​កក្កដា​នេះ លោកស្រី ក៏​បាន​កោះប្រជុំ​សមាជិក​ថ្នាក់ដឹកនាំ​អង្គការ​លីកាដូ របស់​លោកស្រី​ផងដែរ​។ 

​យ៉ាងណាក៏ដោយ លោកស្រីបាន​អះអាង​ថា ដំណឹង​ផ្លូវការ នៃ​ការទទួលយក​បេក្ខភាព​របស់​លោកស្រី ជា​សមាជិក​ទី​៩ របស់​គ.ជ.ប. នឹង​ត្រូវ​លោកស្រី ប្រកាស​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២៩​កក្កដា​។​

​ជា​ការកត់សម្គាល់ លោកស្រី ពុង ឈី​វ​ហ្កេ​ក និង​ក្រុមគ្រួសារ ធ្លាប់បាន​ចូលរួម​ក្នុង​ការរៀបចំ​កិច្ច​ចរចា ឈាន​ទៅ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​​៕​

Source: CEN

No comments:

Post a Comment